អំពីហាងស្តេចទុរេន

ហាងស្តេចទុរេនត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដោយ លោក ឃឹម ប៊ុនឡែន ដែលជាស្ថាបនិក មើលឃើញអំពីគុណតម្លៃដ៏អស្ចារ្យនៃផ្លែទុរេនខ្មែរ និងបញ្ហាប្រឈមមួយចំនួនដែលទំនងលោកអាចចូលរួមដោះស្រាយបាន។ ទុរេនអស្ចារ្យដោយសារ តែវាជាផ្លែឈើដែលជាទីពេញនិយម និងមានតម្លៃខ្ពស់ នេះក៏ដោយសារតែឧិជារសដ៏ពិសេសលើសគេ ផ្លែមានរូបរាងប្លែកគេ ជាផ្លែឈើតំបន់ត្រូពិកដ៏ល្បីល្បាញ ជាទីមោទនភាពនៃប្រទេសអាសុីអាគ្នេយ៍ ក្នុងនោះក៏មានកម្ពុជាមួយដែរ។ ទុរេនអស្ចារ្យ ដោយសាតែទុរេនជាដំណាំមួយដែលមានការលំបាកខ្លាំងក្នុងការដាំដុះ ថែទាំ ផលិតផ្លែ ពោល ទុរេនជាផ្លែឈើមួយត្រូវការតំបន់ភូមិសាស្ត្រមួយដ៏សក្តិសម ម្ចាស់ចម្ការទុរេនត្រូវតែឧស្សាហ៍ព្យាយាម មានចំនេះ បទពិសោធន៍ និងជាពិសេសត្រូវមានធនធានច្រើនគួរសម។

តើអ្វីជាបញ្ហាប្រឈមនានា?

សម្រាប់អ្នកហូបទុរេន ជារៀងរាល់ឆ្នាំគាត់រង់ចាំខែទុរេនមកដល់ ដើម្បីបានហូបទុរេនខ្មែរដ៏ឆ្ងាញ់ពិសារ តែជារឿយៗ គាត់តែងទិញទុរេនដែលមិនត្រូវចិត្ត ពោលគឺរសជាតិ និងគុណភាព។ រហូតដល់ថា បើសំណាងក៏ទិញប៉ះទុរេនល្អទៅ។ អ្វីដែលកាន់តែអាក្រក់នោះគឺថា អ្នកហូបទុរេនភាគច្រើនគឺត្រូវបាន អ្នកលក់ដែលខ្វះគុណធម៌ បន្លំលក់ទុរេនដែលមិនមែនជារបស់ខ្មែរ ដែលមិនមានគុណភាព និងសុវត្ថិភាពដល់ការទទួលទាន។ និយាយអោយខ្លី ទិញទុរេនថ្លៃហើយ មិនត្រូវចិត្តទៀត!

ដោយឡែកសម្រាប់កសិករទុរេនវិញ បាននឹងកំពុងរងការគំរាមកំហែងដោយសារការហូរចូលទុរេន ប្រទេសជិតខាងមកយ៉ាងកំហុក បន្លំធ្វើជាទុរេនខ្មែរ ដែលបាននឹងកំពុងធ្វើអោយប៉ះពាល់ដល់គុណតម្លៃ នៃគុណភាព រសជាតិទុរេនខ្មែរ ប៉ះពាល់ដល់កិត្តិនាមតំបន់ផលិតទុរេនដែលត្រឹមត្រូវ ជាពិសេសប៉ះពាល់ដល់តម្លៃលក់ផងដែរ។

សម្រាប់ឈ្មួញចែកចាយបោះដុំតូចធំ និងអ្នកលក់ទុរេនខ្វះគុណធម៌មួយចំនួន ក៏បាននឹងកំពុងប៉ះពាល់ដល់ ទុរេនកម្ពុជា ដោយការលក់បន្លំជូនអតិថិជន និងបន្ទាបគុណតម្លៃ និងតម្លៃទុរេនខ្មែរ។

ដូចបានរៀបរាប់បញ្ហាខាងលើ ស្តេចទុរេន បង្កើតឡើង ក្នុងឆន្ទះ និងគោលបំណង៖​

១. អប់រំប្រជាពលរដ្ឋខ្មែរ និងពិភពលោក អោយបានយល់ពីគុណតម្លៃ និងវិស័យទុរេនខ្មែរ។

២. ព្យាយាមអោយអស់ពីលទ្ធភាព លក់ទុរេនខ្មែរដែលធានាបាននូវគុណភាព សុវត្ថិភាព និងទំនួលខុសត្រូវ ដល់អ្នកនិយមហូបទុរេនខ្មែរ ជាមួយតម្លៃសមរម្យបំផុត។

៣. បង្កើតទីផ្សារសម្រាប់កសិករ ម្ចាស់ចម្ការទុរេន ជាមួយតម្លៃមួយសមរម្យ និងស្ថេរភាពតម្រូវការ។

៤. ធ្វើអោយពិភពលោកងាកមកចាប់អារម្មណ៍ និងអោយតម្លៃទុរេនខ្មែរដ៏អស្ចារ្យ។ បន្ទាប់មក នាំចេញទុរេនកម្ពុជាទៅកាន់ទីផ្សារពិភពលោក។

៥. បន្ទាប់ពីជោគជ័យជាមួយទុរេនហើយ យើងជឿថានឹងអាចជួយផ្សព្វផ្សាយ និងស្វែងរកទីផ្សារផលិតផលខ្មែរផ្សេងៗទៀត ដែលតែងជួបបញ្ហា។

ខ្ញុំជឿថាយើងនឹងសម្រេចបាននូវគោលបំណងខាងលើដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់វិស័យ ទុរេន តែកិច្ចការងារដ៏គួរជាទីមោទនភាពនេះតម្រូវអោយមានការចូលរួមពីភាគីដែលពាក់ព័ន្ធប្រកប ដោយគុណធម៌ ទំនួលខុសត្រូវ និងឆន្ទះខ្ពស់ រាប់ពីកសិករដាំដុះ អ្នកលក់ចែកចាយ ជាពិសេស អ្នកបរិភោគ ព្រមទាំងការសម្រួលគាំទ្រពីសំណាក់រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍនានាផងដែរ។