សកម្មភាព

កូនខ្មែរមានជីវភាពប្រសើរចង់បរិភោគទុរេនដាំនៅក្នុងស្រុកជាងទុរេននាំចូល

រាជធានីភ្នំពេញ៖ ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេនដែលមានមូលដ្ឋានចំការនៅក្នុងខេត្តកំពត បានមើលឃើញថា ប្រជាពលរដ្ឋខ្មែរដែលមានកម្រិតជីវភាពប្រសើរសមរម្យនៅបច្ចុប្បន្ន ពួកគាត់ចង់បិរភោគទុរេនដែលដាំនៅក្នុងស្រុក ជាងទុរេននាំចូលពីប្រទេសជីតខាង បើទោះបីតម្លៃទុរេនក្នុងស្រុកមានតម្លៃថ្លៃខុសគ្នាក៏ដោយ។

លោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេននៅខេត្តកំពតបានឲ្យដឹងថា មកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរភាគច្រើនគឺចង់ហូបទុរេនដាំក្នុងស្រុក ហើយក្នុងនោះអ្នកដែលមានកម្រិតជីវភាព ឬមានប្រាក់ចំណូលទាប ពេលខ្លះក៏ចង់ហូបទុរេនដាំក្នុងស្រុកដែរ តែដោយសារគាត់ចង់បានតម្លៃថោក ធ្វើឲ្យពួកគាត់ទិញបានទុរេននាំចូលពីក្រៅ។

បើតាមលោក ឃឹម ប៊ុនឡែន ទុរេនខ្មែរលេខមួយលក់នៅទីផ្សារសព្វថ្ងៃថ្លៃ ២៨.០០០ រៀលក្នុងមួយគីឡូក្រាម ហើយនៅឆ្នាំនេះលក់នៅហាងរបស់លោកទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ធ្វើកំណើនអាចកើនឡើងមួយគុណជាដប់។

លោកសង្កត់ធ្ងន់ថា «ខ្ញុំដាក់ចិត្តចូលទៅក្នុងវិស័យដាំទុរេននេះ ព្រោះខ្ញុំមានក្តីស្រមៃ៖ ១)- គឺចង់ឲ្យទុរេនរបស់ខ្មែរយើងគឺអាចផលិតបានដូចទៅនឹងប្រទេសផ្សេងទៀត ទាំងបច្ចេកទេសដាំដុះ៖២)- ខ្ញុំពិតជាចង់ ដោយសង្ឃឹមថានៅថ្ងៃណាមួយខាងមុខដ៏ឆាប់ៗនេះដោយមានការគាំទ្រជំរុញពីរាជរដ្ឋាភិបាល និងវិស័យឯកជន គឺយើងអាចនាំចេញទុរេនទៅក្រៅប្រទេស ពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារមួយដ៏ធំ។ ដូចនេះខ្ញុំជឿថាយើងអាចជាធ្វើបាន ហេតុដូចនេះបានជាខ្ញុំវិនិយោគលើការដាំទុរេន»

បើតាមស្ថាបនិកសហគមន៍ចម្ការស្តេចទុរេនរូបនេះថា បច្ចុប្បន្នលោកមានដើមទុរេនប្រមាណ ៥.០០០ ដើម ហើយសមាជិកសហគមន៍មាន ៧០គ្រួសារ និងមានផ្ទៃដីសរុប ៣០ហិកតានៅក្នុងខេត្តកំពត។

ពាក់ព័ន្ធនឹងដំណាំទុរេននេះ បើឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទធ្លាប់មានប្រសាសន៍ថា សព្វថ្ងៃនេះការដាំដុះដំណាំទុរេនរបស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកម្សាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឲ្យបានត្រឹមត្រូវទេ។

លោករដ្ឋមន្រ្តីលើកឡើងថា ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម្យ៉ាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ដូច្នេះកសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១២ ម៉ឺនដុល្លារអាមេរិកក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន មានប្រសាសន៍ថាប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះទទួលបានប្រាក់ចំណូលខ្ពស់។ ប៉ុន្តែតម្រូវឲ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេកទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលជោគជ័យ។ ដោយបានពិនិត្យឃើញ ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយដូចតទៅ៖

)- រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។ ២)- បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើទីផ្សារក្នុង និងក្រៅប្រទេស។ ៣)- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែច្រវាក់ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត។ ៤)- បណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំងបច្ចេកទេសមុននិងក្រោយប្រមូលផលដល់អ្នកដាំដុះឲ្យស្របតាមស្តង់ដារសុវត្ថិភាព ឆ្លើយតបនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ។

)- ចងក្រងសហគមន៍ផលិតដំណាំទុរេន និងដំណាំហូបផ្លែដើម្បីជំរុញផលិតកម្មស្របតាមស្តង់ដារស និងតម្រូវការទិផ្សារ។ ៦)- លើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស។

)- រៀបចំបង្កើតសហព័ន្ធកសិឧស្សាហកម្មកម្ពុជា ដើម្បីគាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងកសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ សារព័ត៌មានកោះសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *