ភ្នំពេញ៖ ជាងមួយទសវត្សរ៍ចុងក្រោយនេះ មនុស្សភាគច្រើនតែងតែរំភើបចិត្តនឹងពាក្យថាសហគ្រិន ឬ ម្ចាស់អាជីវកម្ម។ ប៉ុន្តែដើម្បីឱ្យទៅដល់គោលដៅនោះ ពួកគេត្រូវមានចំណេះដឹងមូលដ្ឋាន និងគន្លឹះ Start up អាជីវកម្មរៀងៗខ្លួន។ លោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន បានផ្តល់ជាគំនិត ដល់សហគ្រិនវ័យក្មេងសម្រាប់ក្នុងវិស័យនេះថា ត្រូវមានចំណេះដឹងចម្រុះ និងបទពិសោធន៍ ពិសេសភាពឆ្លាតវៃក្នុងការដឹកនាំអាជីវកម្ម។
អគ្គនាយកសហគមន៍ចម្ការទុរេនរូបនេះ បន្តថា ដ្បិតទុរេនជាដំណាំមានសក្តានុពល តែពិបាកក្នុងការដាំ ដោយត្រូវមានអ្នកបច្ចេកទេសមើលថែដិតដល់ ប្រៀបដូចជាការមើលថែកូន។ បើតាមលោក ប៊ុនឡែន ដើម្បីឱ្យជំនួញដំណាំទុរេនជោគជ័យ មិនមែនផ្ដោតលើទុរេនតែមួយមុខនោះទេ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវផ្តល់តម្លៃដល់អ្នកចេះ យល់ពីសុខទុក្ខបុគ្គលិក និងត្រូវហ៊ានចំណាយឱ្យសាកសម។ ម៉្យាងវិញទៀត ប្រសិនបើការចំណាយក្បិតក្បៀតពេកនោះ អាចធ្វើឱ្យទុរេនខូច និងខាតប្រយោជន៍វិញជាមិនខាន។
សហគ្រិនរូបនេះ បានដាក់បេះដូងធ្វើ និងបានឆ្លងកាត់ការលំបាកជាច្រើនលើមុខជំនួញនេះ។ សម្រាប់ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន ការដាំដុះទុរេន មានផលលំបាកនៅពេលចាប់ផ្ដើម ប៉ុន្តែ៥ឆ្នាំក្រោយមក នឹងឃើញផល ហើយខុសពីការបើកហាងកាហ្វេ ដែលអាចឃើញលុយភ្លាមៗ។ លោក ប៊ុនឡែន សង្កត់ធ្ងន់ថា៖ «ត្រូវក្លាហានបង្កើតឱកាស បង្ហាញគំនិតអ្នកឱ្យមានការគាំទ្រ ដើម្បីវិនិយោគសិន»។
លោក ឃឹម ប៊ុនឡែន បន្ថែមថា សហគ្រិនថ្មោងថ្មី ត្រូវព្យាយាមយល់ពីឥរិយាបទទីផ្សារ, តម្រូវការផ្គត់ផ្គង់, ការប្រឈម និងមើលឃើញពីសក្តាពលទៅអនាគត។ «រឹតតែសំខាន់ ការប្រើប្រាស់ហិរញ្ញវត្ថុ ត្រូវច្បាស់លាស់ជានិច្ច»។ នេះជាការបញ្ជាក់របស់លោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន។
ទោះបីជាស្ថានភាពកូវីដ-១៩ នៅបន្តវាយលុកយ៉ាងណាក្តី តែជំនួញទុរេន នៅតែមានសក្តានុពល ពិសេសទៅថ្ងៃអនាគត។ លោក ឃឹម ប៊ុនឡែន ចង់ឱ្យរដ្ឋាភិបាលជួយទប់ស្កាត់ទុរេននាំចូលពីបរទេស ដើម្បីឱ្យ ផលិតផលក្នុងស្រុកបានងើបឡើង និងអាចឈានដល់ការនាំចេញទៅបរទេសផងដែរ៕
ប្រភព៖ ថ្មីៗ